Press Release
ផ្សារទំនើបឡាក់គី បានចាប់ផ្ដើមប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនីជាមួយ វិរៈ ប៊ុនថាំ
រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦
ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដែលជាក្រុមហ៊ុនប្រតិបត្តិករនៃផ្សារទំនើបឡាក់គី បានសហការជាមួយនឹងដៃគូដឹកជញ្ជូនរបស់ខ្លួនគឺ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដើម្បីប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនីសម្រាប់ការដឹកជញ្ជូនទំនិញ នៅទូទាំងរាជធានីភ្នំពេញ និងតាមទិសដៅបណ្តាខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចសហការនេះបានចាប់ផ្តើមជាមួយនឹងការដំណើរការសាកល្បង កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយបានឆ្ពោះដល់ការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅដើមឆ្នាំនេះ នឹងត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅរាជធានីភ្នំពេញ ហើយនេះជាការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុនទាំងពីរ ក្នុងការលើកកម្ពស់ដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន រួមជាមួយនឹងមធ្យោបាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព សម្រាប់វិស័យលក់រាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ចាប់តាំងពីការចាប់ផ្ដើមគម្រោងនេះ ផ្សារទំនើបឡាក់គី បានសម្រេចនូវវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងការផ្លាស់ប្តូរពីការដឹកជញ្ជូនដោយប្រើប្រាស់ប្រេងឥន្ធនៈ។ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានដាក់ដំណើរការរថយន្តអគ្គិសនីរបស់ខ្លួនដើម្បីចែកចាយទំនិញរបស់ផ្សារទំនើបឡាក់គីនៅតាមបណ្តាសាខា ហើយការផ្លាស់ប្តូរនេះបានធ្វើឡើងប្រមាណជា៥០% នៃប្រតិបត្តិការដឹកជញ្ជូនទាំងអស់របស់ផ្សារទំនើបឡាក់គីគិតត្រឹមខែមីនា ឆ្នាំ២០២៦។ បន្តលើការអភិវឌ្ឍនៃវឌ្ឍនភាពនេះ ផ្សារទំនើបឡាក់គី បានកំណត់គោលដៅពង្រីកការប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនីឱ្យបានប្រមាណជា៨០% នៅត្រឹមចុងឆ្នាំនេះ។
លោក Charlie Bettencourt អគ្គនាយកប្រតិបត្តិ ផ្សារទំនើបឡាក់គីបានមានប្រសាសន៍ថា «គោលដៅចម្បងរបស់ពួកយើង គឺការកែលម្អជាបន្តបន្ទាប់ដើម្បីបម្រើដល់អតិថិជនរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងអាចអនុវត្តបានក្នុងវិសាលភាពទូលំទូលាយ»។ លោកបានបន្តទៀតថា «រថយន្តអគ្គិសនី បានជួយសម្រួលដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ខណៈពេលដែលរក្សាបាននូវស្តង់ដាសេវាកម្មខ្ពស់ ដែលអតិថិជនរបស់យើងរំពឹងទុក។ ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺឆ្លុះបញ្ចាំងពីការផ្តោតសំខាន់លើដំណោះស្រាយជាក់ស្តែងរបស់យើង ដើម្បីគាំទ្រទាំងការរីកចម្រើនអាជីវកម្ម និងប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវរបស់ក្រុមហ៊ុនទាំងពីរ»។
អ្នកឧកញ្ញ៉ា សួរ វីរៈ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានមានប្រសាសន៍ថា «កិច្ច សហការមួយនេះ គឺបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូ ក្នុងការជំរុញមធ្យោបាយដឹកជញ្ជូនប្រកបដោយនិរន្តរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ្ញ៉ាបានបន្តទៀតថា “តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យានៃរថយន្តអគ្គិសនី ជាមួយសមត្ថភាពខ្ពស់ក្នុងការដឹកជញ្ជូន យើងអាចគាំទ្រដល់តម្រូវការដឹកជញ្ជូនទំនិញទ្រង់ទ្រាយធំ ជាមួយនឹងប្រសិទ្ធភាពប្រតិបត្តិការខ្ពស់ និងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន”។
លោក នឹម វុធដា នាយកជាន់ខ្ពស់នៃនាយកដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់របស់ផ្សារទំនើបឡាក់គី បានបន្ថែមទៀតថា គម្រោងនៃការប្រើប្រាស់រថយន្តអគ្គិសនីនេះ បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្បាស់លាស់ដល់បរិស្ថាន។ លោកបានបន្តទៀតថា «ចាប់តាំងពីការចាប់ផ្តើមនៃគម្រោងដឹកជញ្ជូនដោយរថយន្តអគ្គិសនី កំណត់ត្រារបស់យើងបានបង្ហាញថា មានការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបានប្រមាណ ៨.៣ តោន តាមបណ្ដាទិសដៅដឹកជញ្ជូនដែលបានធ្វើឡើងកន្លងមក។ ពួកយើងនឹងបន្តពង្រឹងកិច្ចសហការរបស់យើងជាមួយ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បន្ថែមទៀត ដើម្បីបង្កើននូវប្រសិទ្ធភាពសេវាកម្ម ស្របពេលជាមួយនឹងការកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានរបស់យើង»។
ការអនុវត្តការប្រើប្រាស់រថយន្តអគ្គិសនីសម្រាប់វិស័យដឹកជញ្ជូននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ផ្សារទំនើបឡាក់គី ក្នុងការធ្វើទំនើបកម្មខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែទំនើប និងជំរុញការរីកចម្រើនប្រកបដោយចីរភាព។ ស្របពេលដូចគ្នា គម្រោងនេះនឹងជួយឱ្យក្រុមហ៊ុនបន្តបម្រើអតិថិជនប្រកបដោយប្រសិទ្ធភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមនេះ ក៏គាំទ្រដល់ការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន DFI Retail Group ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបញ្ចេញឧស្ម័នកាបូនផងដែរ។
-ចប់-
ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដែលត្រូវបានគេស្គាល់ថាជា ផ្សារទំនើបឡាក់គី គឺជាអាជីវកម្មលក់រាយឈានមុខគេនៅកម្ពុជា ដែលបានបើកសម្ពោធផ្សារទំនើបលើកដំបូងរបស់ខ្លួនទីមួយនៅ តាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងឆ្នាំ១៩៩៣។ ក្នុងឆ្នាំ២០១២ ផ្សារទំនើបឡាក់គីបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន DFI Retail Group ដើម្បីពង្រីកអាជីវកម្មផ្សារទំនើបរបស់ខ្លួនបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ ផ្សារទំនើបឡាក់គី មានសាខា ១០០ហាងជាង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជូននូវអាហារស្រស់ៗ គ្រឿងទេស និងម៉ាកផលិតផលនាំចូលផ្តាច់មុខជាច្រើន ដែលមិនអាចរកបាននៅលើទីផ្សារផ្សេងទៀតក្នុងប្រទេស ហើយផ្សារទំនើបឡាក់គីបានធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីរួមបញ្ជូលគំនិតផ្តួចផ្តើមលើនិរន្តរភាពនៅគ្រប់ផ្នែកទាំងអស់ រួមមានការប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធភាព ការកាត់បន្ថយកាកសំណល់ និងការដឹកជញ្ជូនដែលអាចកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស (VET) គឺជាក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើឆាប់រហ័សឈានមុខគេមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយអ្នកឧកញ៉ា សួរ វីរៈ និងបានចុះបញ្ជីជាផ្លូវការជាមួយ ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០០៦។ ដោយមានទីស្នាក់ការកណ្តាលដំបូង នៅខេត្តកោះកុង ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បច្ចុប្បន្នបានពង្រីកខ្លួនទូទាំងប្រទេស ហើយបានក្លាយជាអ្នកផ្តល់សេវាដឹកអ្នកដំណើរ និងបញ្ញើឆាប់រហ័ស ដ៏សកម្ម និងគួរឱ្យទុកចិត្ត ទូទាំងក្នុងប្រទេស និងទៅកាន់ក្រៅប្រទេសមួយចំនួន។ អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបំពេញប្រតិបត្តិការ នៅតាមបណ្តាញសាខា និងផ្ដល់សេវាកម្មយ៉ាងទូលំទូលាយពេញផ្ទៃប្រទេស។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តជួលប្រណិត និង ទូកល្បឿនលឿន ដែលអនុញ្ញាត និងផ្ដល់ភាពងាយស្រួលសម្រាប់បុគ្គល អាជីវកម្ម និងដៃគូអន្តរជាតិ។