Press Release
Lucky Supermarket Reduces Energy Use through Open Chiller Door Installation
ផ្សារទំនើប ឡាក់គី (Lucky Supermarket) ក្នុងប្រទេសកម្ពុជា ប្រតិបត្តិការក្នុងទីផ្សារដែលមានអាកាសធាតុក្តៅ ដែលការប្រើប្រាស់ប្រព័ន្ធត្រជាក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុវត្ថិភាព និងគុណភាពចំណីអាហារ។ ក្នុងមជ្ឈដ្ឋានបែបនេះ ប្រព័ន្ធទូត្រជាក់ដែលគ្មានរបាំងការពារ (Open Chiller) អាចស៊ីថាមពលខ្លាំង ដោយសារម៉ាស៊ីនត្រូវធ្វើការជាបន្តបន្ទាប់ ដើម្បីរក្សាសីតុណ្ហភាពឱ្យមានសុវត្ថិភាព។
ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ផ្សារទំនើប ឡាក់គី បានសិក្សាពីការប្រើប្រាស់ទ្វារកញ្ចក់រំកិលលើទូត្រជាក់។ ទ្វារទាំងនេះត្រូវបានរចនាឡើងដើម្បីរក្សាខ្យល់ត្រជាក់នៅក្នុងទូ និងកាត់បន្ថយការបាត់បង់ភាពត្រជាក់ទៅក្នុងបរិយាកាសខាងក្រៅ។ តាមរយៈការកម្រិតបំរែបំរួលសីតុណ្ហភាព ដំណោះស្រាយនេះមានគោលបំណងកាត់បន្ថយបន្ទុកការងាររបស់ម៉ាស៊ីនត្រជាក់ និងតម្រូវការថាមពលអគ្គិសនី។ គម្រោងសាកល្បងមួយត្រូវបានអនុវត្តនៅផ្សារទំនើប Lucky Express សាខាកាកាប ២ (SE38) ដើម្បីផ្ទៀងផ្ទាត់ការសន្សំសំចៃថាមពល ដោយមិនឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពប្រតិបត្តិការ ឬបទពិសោធន៍នៃការទិញទំនិញរបស់អតិថិជនឡើយ។
លទ្ធផលនៃគម្រោងសាកល្បងបានបង្ហាញយ៉ាងច្បាស់ពីការកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដោយការប្រើប្រាស់ថាមពលលើទូត្រជាក់បានធ្លាក់ចុះប្រមាណ ៤៤%។ ផ្អែកលើលទ្ធផលដ៏ប្រសើរនេះ ផ្សារទំនើប ឡាក់គី បានសម្រេចពង្រីកគម្រោងនេះទៅកាន់បណ្តាញសាខារបស់ខ្លួនទូទាំងប្រទេស។ ចន្លោះពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៥ ទូត្រជាក់ចំនួន ១១៨ គ្រឿង ទូទាំងប្រទេសត្រូវបានកែលម្អដោយបំពាក់បន្ថែមនូវទ្វារកញ្ចក់រំកិល។
ក្រៅពីការសន្សំសំចៃថាមពល គម្រោងនេះក៏បានជួយពង្រឹងស្ថិរភាពសីតុណ្ហភាព កាត់បន្ថយការឡើងកម្តៅខ្លាំងលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសរុបផងដែរ។ តាមរយៈការប្រើប្រាស់ទិន្នន័យជាក់លាក់ និងការអនុវត្តប្រកបដោយចីរភាព ផ្សារទំនើប ឡាក់គី បានបង្ហាញឱ្យឃើញថា ការកែលម្អជាក់ស្តែងនៅតាមសាខា អាចផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់បរិស្ថាន និងអាកាសធាតុ ដែលនេះជាការបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការលក់រាយចំណីអាហារប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។