Press Release
ផ្សារទំនើបឡាក់គី ជាផ្សារខ្មែរដែលមានចក្ខុវិស័យវែងឆ្ងាយ បានជ្រោមជ្រែងលើកស្ទួយអង្ករក្រអូបប្រណិតផ្កាម្លិះរបស់កម្ពុជា ឲ្យបោះជំហានកាន់តែខ្លាំងក្នុងទីផ្សារលក់រាយធំៗជាង ៣៤៥ ទីតាំង ទាំងនៅក្នុងស្រុកនិងទីផ្សារអន្តរជាតិ
ភ្នំពេញ៖ នេះគឺជាមោទនភាពថ្មីមួយដែលធ្វើឱ្យខ្មែរគ្រប់រូបញញឹមបិទមាត់មិនជិត! ចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ តទៅ ក្លិនក្រអូបឈ្ងុយឈ្ងប់នៃអង្ករផ្កាម្លិះខ្មែរ ក្រោមស្លាកយីហោ «Golden King» បានពង្រីកវត្តមានពេញបណ្ដាញលក់រាយធំៗជាង ៣៤៥ ទីតាំង ទាំងក្នុងប្រទេសកម្ពុជា និងទីក្រុងហុងកុង។
Watch video: ជោគជ័យដ៏ត្រចះត្រចង់នេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាគឺជាផ្លែផ្កាដែលកើតចេញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងចក្ខុវិស័យវែងឆ្ងាយរបស់ ផ្សារទំនើប ឡាក់គី និង DFI Retail Group។ ក្នុងនាមជាក្រុមហ៊ុនលក់រាយដែលឈរជើងយ៉ាងរឹងមាំក្នុងបេះដូងពលរដ្ឋខ្មែរជាង៣៣ឆ្នាំ ផ្សារទំនើបឡាក់គី បានដើរតួយ៉ាងសំខាន់ ក្នុងការរុញច្រានកសិផលខ្មែរឱ្យមានវត្តមានយ៉ាងមោទនៈនៅលើឆាកអន្តរជាតិ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានសរសើរចំពោះសកម្មភាពដ៏សកម្មរបស់ ក្រុមហ៊ុន Amru Rice និង ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ដែលបានរួមដៃគ្នាសម្រេចយុទ្ធនាការផលិតផលជាតិ #MadeInCambodia។ លោកស្រីបានគូសបញ្ជាក់ថា នេះគឺជាការលើកមុខមាត់ជាតិដ៏ធំធេង ខណៈដែលអង្ករផ្ការផ្កាម្លិះកម្ពុជា ដែលទើបតែឈ្នះពានរង្វាន់ «អង្ករល្អបំផុតលើលោកឆ្នាំ២០២៥» ត្រូវបានដាក់លក់យ៉ាងមានតម្លៃនៅផ្សារទំនើប Wellcome ជាង២៤៥ទីតាំងក្នុងទីក្រុងហុងកុង។
គុណតម្លៃពិតនៅពីក្រោយសមិទ្ធផលមោទនភាពជាតិ
ឈាមជ័រខ្មែរ គុណភាពខ្មែរ៖ ការបង្ហាញខ្លួននៅលើឆាកអន្តរជាតិនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា «ស្នាដៃកូនខ្មែរ មិនចាញ់បរទេសឡើយ»។ ឡាក់គី មានមោទនភាពបំផុតដែលបានបង្ហាញពិភពលោកថា កសិផលខ្មែរមានគុណភាពខ្ពស់ និងអាចឈរជើងយ៉ាងអង់អាចក្នុងទីផ្សារអន្តរជាតិ។
ដង្ហើម និងក្តីសង្ឃឹមរបស់កសិករ៖ រាល់កញ្ចប់អង្ករដែលដាក់តម្រៀបនៅលើធ្នើ គឺជាផ្លែផ្កានៃញើសឈាម និងការតស៊ូរបស់បងប្អូនកសិករយើង។ ឡាក់គី មិនត្រឹមតែនាំអង្ករខ្មែរទៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែយើងបាននាំយកនូវ "ក្តីសង្ឃឹម" និង "ស្នាមញញឹម" ត្រឡប់មកកាន់វាលស្រែខ្មែរវិញ តាមរយៈការផ្ដល់នូវលំនឹងជីវភាពដ៏កក់ក្ដៅ។
ចលកររុញច្រានសេដ្ឋកិច្ចជាតិ៖ តាមរយៈបណ្តាញចែកចាយដ៏ធំទូលាយរបស់ DFI Retail Group យើងបានប្រែក្លាយកម្លាំងទិញពីក្រៅប្រទេស ឱ្យមកជាចរន្តសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់កម្ពុជា។ នេះគឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលជួយជំរុញឱ្យសេដ្ឋកិច្ចជាតិយើងបោះជំហានទៅមុខដោយភាពជឿជាក់ និងចីរភាព។
ក្នុងនាមជាម្ចាស់ពានរង្វាន់អង្ករល្អបំផុតលើពិភពលោក អង្ករប្រណិតផ្កាម្លិះ "Golden King" មិនមែនត្រឹមតែជាកសិផលធម្មតានោះទេ ប៉ុន្តែគឺជា "កិត្តិយស" និង "អត្តសញ្ញាណ" ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ។ ផ្សារទំនើប ឡាក់គី ប្ដេជ្ញាបន្តឈរក្បែរ និងជ្រោមជ្រែងផលិតករក្នុងស្រុក ដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះទឹកដីសុវណ្ណភូមិ និងនាំយកមោទនភាពខ្មែរដែលឈ្នះពានកម្រិតសកលនេះ ទៅបង្អួតពិភពលោកឱ្យកាន់តែស្ញប់ស្ញែងបំផុត។