Lucky CSR

ផ្សារទំនើបឡាក់គី ទទួលបានពានរង្វាន់ ESGBUSINESS ចំនួនពីរ សម្រាប់ឧត្តមភាពក្នុងការអនុវត្តន៍ប្រកបដោយនិរន្តភាព


រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ផ្សារទំនើបឡាក់គី ដែលជាផ្សារទំនើបឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា មានមោទនភាពទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ នៅក្នុងកម្មវិធី ESGBusiness Awards ដោយទទួលស្គាល់ចំពោះសមិទ្ធផលឆ្នើមរបស់ក្រុមហ៊ុនក្នុងការអនុវត្តន៍ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពប្រតិបត្តិការ និងការយកចិត្តទុកដាក់លើបរិស្ថាន។

ពានរង្វាន់ទាំងពីររួមមាន៖

·       ពានរង្វាន់សម្រាប់គម្រោងកែលម្អប្រសិទ្ធភាពថាមពល (Energy Efficiency Retrofit Programme Award)

·       ពានរង្វាន់សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព (Sustainable Supply Chain Award)

ពានរង្វាន់ទាំងនេះទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ ផ្សារទំនើបឡាក់គី ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល សំណល់ប្លាស្ទិក និងការបញ្ចេញឧស្ម័នកាបូន ខណៈដែលបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការដឹកជញ្ជូនទៅតាមសាខាទូទាំងប្រទេស។

Image

កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាខា

ពានរង្វាន់សម្រាប់គម្រោងកែលម្អប្រសិទ្ធភាពថាមពល ទទួលស្គាល់កម្មវិធីការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពនៅតាមបណ្តាសាខាផ្សារទំនើបឡាក់គី ដែលជាគំនិតផ្តួចផ្តើមដែលធ្វើឡើងដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងលើកកម្ពស់បទពិសោធន៍របស់អតិថិជន។

កម្មវិធីនេះបានដាក់ឱ្យអនុវត្តនូវវិធានការសំខាន់ៗមួយចំនួនសម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពនៅតាមសាខាផ្សារទំនើបឡាក់គី រួមមាន៖

• ប្រព័ន្ធភ្លើងបំភ្លឺស្វ័យប្រវត្តិ

• ការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ម៉ាស៊ីនត្រជាក់

• បច្ចេកវិទ្យាប្រព័ន្ធទូរទឹកកក Waterloop និង

• ការកែលម្អទ្វារទូរទឹកកកសម្រាប់ទូរទឹកកកគ្មានទ្វារ

វិធានការទាំងនេះបានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់ រួមមាន៖

• សន្សំសំចៃថាមពលបានប្រមាណ ១.៦ លាន kWh ក្នុងមួយឆ្នាំ នៅទូទាំងបណ្តាសាខាទាំងអស់

• សន្សំសំចៃថ្លៃអគ្គិសនីបានជាង ៣០០,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ

• បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការអនុវត្តការងារដែលគិតគូរពីបរិស្ថាន និង

• បង្កើនផាសុកភាព និងបទពិសោធន៍ទិញទំនិញរបស់អតិថិជន។

តាមរយៈការវិនិយោគលើដំណោះស្រាយឆ្លាតវៃ សម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ផ្សារទំនើបឡាក់គី បន្តបង្ហាញឱ្យឃើញថា ការអនុវត្តដែលគិតគូរពីបរិស្ថានអាចបង្កើតតម្លៃដែលអាចវាស់វែងបាន សម្រាប់ទាំងអាជីវកម្ម និងសហគមន៍ដែលក្រុមហ៊ុនបម្រើ។

Image

កសាងខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែល្អ និងមានប្រសិទ្ធភាព

ផ្សារទំនើបឡាក់គី ក៏ទទួលបានពានរង្វាន់ ខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព សម្រាប់ គម្រោងខ្សែចង្វាក់ផ្គត់ផ្គង់បៃតង ដែលជាគម្រោងនៃការលើកកម្ពស់និរន្តរភាព និងប្រសិទ្ធភាពនៃការចែកចាយទំនិញពីមជ្ឈមណ្ឌលផ្គត់ផ្គង់ ទៅកាន់សាខានានាទូទាំងប្រទេស។

គម្រោងនេះផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗចំនួនបី៖

• កាត់បន្ថយសំណល់ប្លាស្ទិកតាមរយៈការប្រើប្រាស់ក្រណាត់ដែលអាចប្រើឡើងវិញបាន៖ ផ្សារទំនើបឡាក់គី បានបង្កើតក្រណាត់គ្របដែលអាចប្រើឡើងវិញបាន ដើម្បីជំនួសការប្រើប្រាស់      ប្លាស្ទិករុំ ដែលអាចប្រើបានតែម្តង សម្រាប់រុំ នៅពេលដឹកទំនិញទៅតាមបណ្តាសាខា។

• បង្កើនប្រសិទ្ធភាពការដឹកជញ្ជូន៖ ក្រុមហ៊ុនបានរៀបចំប្រព័ន្ធដឹកជញ្ជូនថ្មីសម្រាប់សាខានៅតាម    បណ្តាខេត្ត ដោយបញ្ចូលផលិតផលប្រភេទ ស្ងួត, ត្រជាក់ និង កកដោយប្រើប្រាស់បច្ចេកទេសដាក់ទំនិញដាច់ដោយឡែក និងមានទូរត្រជាក់ត្រឹមត្រូវក្នុងរថយន្តតែមួយ។ វាបានកាត់បន្ថយតម្រូវការប្រើប្រាស់រថយន្តដឹកជញ្ជូនដាច់ដោយឡែក និងបង្កើនប្រសិទ្ធភាពនៃផ្នែកដឹកជញ្ជូន។

• ដាក់ឱ្យប្រើប្រាស់យានយន្តអគ្គិសនី៖ ផ្សារទំនើបឡាក់គី បានចាប់ផ្តើមប្រើប្រាស់យានយន្តអគ្គិសនី នៅខែធ្នូ ឆ្នាំ២០២៥ និងបានពង្រីកការប្រើប្រាស់ជាបន្តបន្ទាប់​​ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនប្រកបដោយនិរន្តភាព និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលពីការដឹកជញ្ជូនរបស់ខ្លួន។

គំនិតផ្តួចផ្តើមទាំងនេះបានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់ រួមមាន៖

• កាត់បន្ថយសំណល់ប្លាស្ទិកបាន ២៣ តោន ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦

• កាត់បន្ថយការបញ្ចេញកាបូនបាន ៣៨ តោន

• កាត់បន្ថយចំនួនជើងដឹកជញ្ជូនបាន ៦៧% និង

• សន្សំសំចៃបានជាង ៣៩៥,០០០ ដុល្លារអាមេរិក។

ការផ្លាស់ប្តូរទាំងនេះបានជួយពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ក៏អនុញ្ញាតឱ្យ ផ្សារទំនើបឡាក់គី បន្តផ្តល់ជូនអតិថិជនទូទាំងប្រទេសនូវផលិតផលស្រស់ គុណភាពល្អ និងមានតម្លៃសមរម្យ។

លោក Charlie Bettencourt អគ្គនាយក នៃផ្សារទំនើបឡាក់គី បានមានប្រសាសន៍ថា៖ “យើងមាន    មោទនភាព និងកិត្តិយសដែលទទួលបានពានរង្វាន់ ESGBusiness Awards ចំនួនពីរនេះ។ ពានរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងជាយូរមកហើយចំពោះការអនុវត្តប្រកបដោយនិរន្តរភាព និងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ព្រមទាំងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងដៃគូរបស់យើង ដែលបន្តជំរុញការច្នៃប្រឌិតនៅក្នុងប្រតិបត្តិអាជីវកម្មរបស់យើង។

និរន្តរភាពមិនមែនជាគំនិតផ្តួចផ្តើមដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាផ្នែកដ៏សំខាន់មួយ សម្រាប់ការធ្វើប្រតិបត្តិការអាជីវកម្ម។ តាមរយៈការវិនិយោគលើប្រសិទ្ធភាពថាមពល ការកាត់បន្ថយសំណល់ ការបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដោយគ្មានផ្សែងពុល យើងកំពុងបង្កើតគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន សហគមន៍ និងបរិស្ថាន។

យើងនឹងបន្តប្តេជ្ញាចិត្តក្នុងការជំរុញការអនុវត្តប្រកបដោយនិរន្តរភាពរបស់យើង និងចូលរួមចំណែកក្នុងការកសាងអនាគតដែលកាន់តែប្រសើរ និងកាន់តែរឹងមាំសម្រាប់ប្រទេសកម្ពុជា។”

ក្នុងនាមជាផ្សារទំនើបឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា ផ្សារទំនើបឡាក់គី បន្តបញ្ចូលការអនុវត្តដែលគិតគូរពីបរិស្ថានទៅក្នុងប្រតិបត្តិការរបស់ខ្លួន។ ពានរង្វាន់ទាំងនេះបានបង្ហាញឱ្យឃើញថា ការច្នៃប្រឌិតក្នុងប្រតិបត្តិការ និងការទទួលខុសត្រូវចំពោះបរិស្ថាន ដែលអាចគាំទ្រដល់ការរីកចម្រើនរបស់    អាជីវកម្ម ស្របពេលគ្នានឹងការផ្តល់អត្ថប្រយោជន៍ដល់សង្គម និងបរិស្ថាន។

ចប់

Image

អំពីផ្សារទំនើបឡាក់គី

ផ្សារទំនើបឡាក់គី គឺជាផ្សារទំនើបឈានមុខគេនៅកម្ពុជា ដោយបានបើកសម្ពោធផ្សារទំនើបលើកដំបូងនៅបណ្ដោយមហាវិថីព្រះសីហនុក្នុងឆ្នាំ១៩៩៣។ នៅឆ្នាំ២០១២ ផ្សារទំនើបឡាក់គីបានចុះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន DFI Retail Group ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ ផ្សារទំនើបឡាក់គី មានជាង ១០០​ សាខា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជូននូវផលិតផលអាហារស្រស់ៗ គ្រឿងទេស សម្ភារៈចាំបាច់ប្រើប្រាស់ក្នុងផ្ទះ និងម៉ាកផលិតផលនាំចូលផ្តាច់មុខគេជាច្រើន ដែលមិនអាចរកបាននៅលើទីផ្សារផ្សេងទៀតក្នុងប្រទេសកម្ពុជា។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ផ្សារទំនើបឡាក់គី បានបន្តដាក់បញ្ចូលគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពជាបន្តបន្ទាប់ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមាន ការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល ការកាត់បន្ថយកាកសំណល់ និងការដឹកជញ្ជូនដែលគិតគូរដល់បរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ហើយផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរជូនអតិថិជន និងសហគមន៍។


ចេញផ្សាយ: 04 សីហា 2026