Lucky CSR
ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គីពង្រឹងការប្តេជ្ញាចិត្តចំពោះប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ តាមរយៈគំនិតផ្តួចផ្តើមផ្នែកចីរភាព
នៅក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គីចីរភាពចាប់ផ្តើមពីរបៀបដែលយើងធ្វើប្រតិបត្តិការ។ ក្នុងនាមជាក្រុមហ៊ុនលក់រាយផ្សារទំនើបឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុននៅតែបន្តវិនិយោគលើគំនិតផ្តួចផ្តើមជាក់ស្តែង ដែលជួយធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការ ស្របពេលជាមួយគ្នាកំពុងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅទូទាំងបណ្តាញហាង និងការចែកចាយរបស់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន DFI Lucky បានអនុវត្តវិធានការសន្សំសំចៃថាមពល និងកែលម្អប្រតិបត្តិការជាច្រើន ដើម្បីគាំទ្រដល់គោលដៅនិរន្តរភាពរយៈពេលវែង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមាន៖ การបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ការដំឡើងឧបករណ៍កំណត់ពេលវេលា (Timer) សម្រាប់ភ្លើងបំភ្លឺខាងមុខហាង ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធត្រជាក់ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាត្រជាក់ Waterloop (បច្ចុប្បន្នមាននៅតាមបណ្តាហាងចំនួន ៣) និងការដំឡើងទ្វារកញ្ចក់បិទជិតលើទូត្រជាក់ទូទាំងបណ្តាញលក់រាយ។
ចាប់តាំងពីឆ្នាំ២០២៤ មក គំនិតផ្តួចផ្តើមនានាដូចជា ការគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់ឱ្យចំគោលដៅ ការកំណត់ម៉ោងភ្លើងបំភ្លឺ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធត្រជាក់ បានជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានជាង ៨០០,០០០ គីឡូវ៉ាត់ម៉ោង (kWh) ជារៀងរាល់ឆ្នាំ។ ជោគជ័យនេះមិនត្រឹមតែជួយកាត់បន្ថយការចំណាយលើការប្រើប្រាស់ទឹកភ្លើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការទាំងមូលផងដែរ។
លើសពីនេះទៅទៀត ការដំឡើងទ្វារកញ្ចក់ការពារនៅលើទូត្រជាក់ជាង ២០០ គ្រឿង បានជួយសន្សំសំចៃថាមពលរហូតដល់ ៤៤% ដែលជាការកាត់បន្ថយការប្រើប្រាស់អគ្គិសនីយ៉ាងច្រើន ដោយនៅតែអាចរក្សាបាននូវគុណភាពទំនិញយ៉ាងខ្ពស់ និងផ្តល់នូវបរិយាកាសទិញទំនិញដ៏មានផាសុកភាពសម្រាប់អតិថិជន។
ក្រៅពីការកែលម្អនៅក្នុងហាង ក្រុមហ៊ុន DFI Lucky ក៏កំពុងជម្រុញការងារនិរន្តរភាពនៅក្នុងប្រព័ន្ធភស្តុភារ និងការដឹកជញ្ជូន (Logistics) ផងដែរ។ តាមរយៈកិច្ចសហការជាមួយដៃគូភស្តុភារគឺ ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស (VET) ផ្សារទំនើបឡាក់គីបានពង្រីកការប្រើប្រាស់ឡានដឹកទំនិញអគ្គិសនី (EV) សម្រាប់ការដឹកជញ្ជូនទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។
បន្ទាប់ពីការសាកល្បងដោយជោគជ័យកាលពីខែធ្នូ ឆ្នាំ២០២៥ និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ២០២៦ មក គិតត្រឹមខែមីនា ឆ្នាំ២០២៦ ផ្លូវដឹកជញ្ជូនប្រហែល ៥០% ដែលធ្លាប់ប្រើប្រាស់ឡានដើរដោយម៉ាស៊ូត ត្រូវបានផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី (EV) វិញ។
ដោយផ្អែកលើវឌ្ឍនភាពនេះ ផ្សារទំនើបឡាក់គីបានកំណត់គោលដៅពង្រីកការដឹកជញ្ជូនតាមរថយន្ត EV ឱ្យបានរហូតដល់ ៨០% នៅត្រឹមកាលបរិច្ឆេទដាច់ឆ្នាំ២០២៦ ដែលនេះជាការគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ខណៈពេលដែលនៅតែរក្សាបាននូវសេវាកម្មដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់។
គំនិតផ្តួចផ្តើមទាំងនេះ គឺជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកចីរភាពដ៏ទូលំទូលាយរបស់ ឌី អេហ្វ អាយ ឡាក់គី ដែលផ្តោតលើប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ ការកាត់បន្ថយកាកសំណល់ ការគាំទ្រសហគមន៍ និងការចូលរួមចំណែកដល់ការថែរក្សាបរិស្ថាននៅទូទាំងប្រទេសកម្ពុជា។
ស្របពេលដែលក្រុមហ៊ុនកំពុងបន្តរីកចម្រើន DFI Lucky នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតតម្លៃរយៈពេលវែង តាមរយៈការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដែលជួយគាំទ្រទាំងមនុស្ស និងភពផែនដី។
ចាប់ផ្ដើមពីថ្ងៃនេះ សម្រាប់ថ្ងៃអនាគត។ (Doing Today, For Tomorrow.)